តើអ្នកធ្លាប់យកឈ្នះលើខ្លួនឯងសម្បីតែមួយដងឬទេ?
មានខ្សែភាពយន្ដកុនចិនមួយ កំពុងតែល្បីនាដើមឆ្នាំ ២០២៤ នេះ ដែលនិយាយពីតួអង្គស្រីម្នាក់មានទម្ងន់ជាង ១០០ គីឡូ ហើយជួបប្រទះបញ្ហាជាច្រើនក្នុងជីវិត ។ គាត់ព្យាយាមរក្សាមនោសញ្ចេតនាបងប្អូន មិត្តភក្ដី និងសេចក្ដីស្នេហា មិនថាយ៉ាងណាគាត់ព្យាយាមលះបង់ឱ្យគេ ជាលទ្ធផលបែរជាទទួលបានការឈឺចាប់ម្ដងហើយម្ដងទៀត។
ថ្ងៃមួយគាត់ក៏សម្រេចចិត្ត ក្រោកឈរឡើងធ្វើជាខ្លួនឯងដ៏ពិតប្រាកដម្ដង។ ជាមួយការតាំងចិត្តដ៏មោះមុតមួយនេះ គាត់ក៏សម្រេចចិត្តចូលរួមការប្រកួតប្រដាល់ និងទទួលយកការហ្វឺកហាត់ត្រៀមសម្រាប់ការប្រកួតមួយនេះ។ (ព្រោះថា មានបុរសម្នាក់ដែលគាត់លួចស្រឡាញ់ជាយូរមកហើយនោះគឺជាគ្រូប្រដាល់)
គាត់បានខិតខំប្រឹងប្រែហ្វឺកហាត់ទាំងថ្ងៃទាំងយប់ ទីបំផុតក៏សម្រកគីឡូរបស់គាត់ពី ១០០គីឡូ មកត្រឹម ៥០ ប៉ុណ្ណោះ ថែមទាំងមានថ្វីដៃក្បាច់ប្រដាល់យ៉ាងជំនាញទៀតផង។ បើទោះជាចុងក្រោយ គាត់បរាជ័យលើសង្វៀនប្រដាល់នេះពិតមែន ប៉ុន្ដែគាត់បានយក់ឈ្នះលើជីវិតរបស់ខ្លួន ដោយក្រោកឈរសារជាថ្មី និងរស់នៅសុភមង្គលជាមួយអ្នកជាទីស្រឡាញ់ទាំងរបស់គាត់។
រីឯនៅក្នុងជិវិតពិតវិញ តារាសម្ដែងដែលជាតួអង្គ ហើយការជាអ្នកដឹកនាំភាពយន្ដកុនមួយនេះ។ នៅ១ឆ្នាំមុន គាត់មានអាយុជា៤០ឆ្នាំទៅហើយ ១០០គីឡូនេះក៏ជាទម្ងន់ពិតរបស់គាត់។ ក្រោយថត និងផលិតចប់កុនមួយនេះ គាត់ក៏ផ្លាស់ប្ដូរទ្រង់ទ្រាយជីវិតថ្មីរបស់គាត់ផងដែរ ព្រមទាំងធ្វើឱ្យមហាជនមានការរំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងសាច់រឿងក្នុងខ្សែភាពយន្ដ និងការតស៊ូក្នុងជីវិតរបស់គាត់។
ពេលខ្លះនៅក្នុងជីវិតរស់នៅរបស់យើងគឺ ដូចសាច់រឿងនេះចឹង មានសេចក្ដីស្រឡាញ់ បំណងប្រាថ្នា ត្រូវការការគោរព និងចង់ឱ្យអ្នកដទៃមើលឃើញ ព្រមទាំងទទួលស្គាល់ផងដែរ។ ប្រឈមមុខនឹងឧបសគ្គ និងភាពអាប់អួរក្នុងជីវិតបែបនេះ យើងមានជម្រើសតែ២ប៉ុណ្ណោះ អ្នកខ្លះអាចនឹងបណ្ដែតបណ្ដោយខ្លួនឱ្យទៅតាមហ្នឹង មិនរើបម្រាស់ ឬក៏តបតអ្វីទាំងអស់ដេកចាំតែថ្ងៃចុងក្រោយនៃជីវិតមកដល់។
មានតែមនុស្សភាគតិចណាស់ដែរ ប្រឹងក្រោកឈរឡើងតស៊ូបន្ដិចម្ដងៗរហូតដល់ទទួលបានជោគជ័យក្នុងជីវិត ដូចតួអង្គស្រីរូបនេះ មិនថានៅក្នុងរឿងកុន ឬក៏ឆាកជីវិតពិតខាងក្រៅសាច់រឿងក្ដី។
ត្បិតថា មនុស្សយើងគ្រប់រូបមានខ្សែជីវិតខុសគ្នា ប៉ុន្ដែសុទ្ធជាមនុស្សមានសាច់មានឈាម មានអារម្មណ៍ សេចក្ដីស្រឡាញ់ និងបេះដូងដូចគ្នា ហើយមួយជីវិតមានតែម្ដងនេះប៉ុណ្ណោះ ចង់រស់យ៉ាងដូចម្ដេចជាសិទ្ធិសម្រេចរបស់យើង ប្រសិនបើយើងមានភាពក្លាហានក្នុងការក្រោកឈរឡើង និងប្រដេញតាមអ្វីដែលខ្លួនចង់បាន។
ព្រោះថា ថាមពលសក្តានុពលក្នុងខ្លួនគ្រប់គ្នា ក្នុងការផ្លាស់ប្ដូរជីវិតគឺមានស្រាប់នោះទេ អាចបញ្ចេញឱ្យបាននៅសមត្ថភាពយើងឬអត់ ក៏ស្ថិតលើខ្លួនយើងផ្ទាល់ដែរ រីងសាច់រឿងដែលខ្ញុំរៀបរាប់មួយនេះគ្រាន់ជាការបញ្ឆេះឱ្យចាប់ផ្ដើមពី ១% ប៉ុណ្ណោះ បន្ទាប់មក៩៩%ទៀត ស្ថិតលើខ្លួនអ្នកផ្ទាល់ក្រោយអានអត្ថបទនេះចប់ហើយ ថាតើមានសកម្មភាពអ្វីកើតឡើង ដើម្បីផ្លាស់ប្ដូរឬអត់?
តាមពិតយើងចង់បានជីវិតបែបណា កូនសោរបើកទ្វារជីវិតដែលយើងចង់បាននោះ គឺនៅតែក្នុងដៃរបស់យើងតែរហូតមក គ្រាន់តែយើងមិនចាប់អារម្មណ៍ដឹងប៉ុណ្ណោះ។ ប៉ុន្ដែឥឡូវយើងបានដឹងហើយតើ។ តោះ! នៅចាប់អីទៀត ចាប់ផ្ដើលពីឥឡូវនេះតែម្ដងទៅ។
ខ្ញុំសូមជូនរឿងនេះ ជាការលើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការផ្លាស់ប្ដូរដើម្បីភាពជោគជ័យក្នុងជីវិតដល់មិត្តអ្នកអានទាំងអស់គ្នា ពិសេសមិត្តនារីៗទាំងអស់ក្នុងថ្ងៃទិវាបុណ្យសិទ្ធិនារីនេះ មានកាន់តែរឹងមាំ និងមានភាពអង់អាចក្លាហានក្រោកឈរឡើងដើម្បីជំនះរាល់ឧបសគ្គ ព្រមទាំងការលំបាកទាំងឡាយក្នុងជីវិត ហើយប្រកបដោយភាពរីករាយ និងសុភមង្គលគ្រប់ពេល។
ដោយក្ដីស្រឡាញ់រាប់អានដ៏ជ្រាលជ្រោបំផុតអំពីខ្ញុំ សូមអរគុណ!